គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

កិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ

នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា ដែលមានសមាសភាពចូលរួមពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), តំណាង Swisscontact Cambodia, តំណាងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD), តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងលើកទិសដៅដើម្បីបន្តអនុវត្តគម្រោង (១).ការធ្វើឌីជីថលនីយ​កម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), (២). ការធ្វើឌីជីថលនីយកម្មសម្រាប់កញ្ចប់បញ្ញើរហ័ស (DGT), និង ពិនិត្យវឌ្ឍនភាពលើការអនុវត្តសាកល្បងមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា ដែលជាផ្នែកនៃគម្រោងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូចនិងមធ្យម (SeT4SME) ព្រមទាំងពិភាក្សាលើមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ដើម្បីធ្វើឌីជីថលនីយកម្មការបំពេញបែបបទបញ្ចេញទំនិញពីគយ។

នាឱកាស​នោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងពីសារសំខាន់នៃគម្រោងខាងលើ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាពិសេសនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ក្នុងទម្រង់អេឡិចត្រូនិក ដែលគ្រោង​នឹងដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្ដមបណ្ឌិត ក៏បានរំលេចអំពីវឌ្ឍនភាពល្អប្រសើរនៃការដាក់ឱ្យដំណើរការសាកល្បង មុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ដែលឯកឧត្ដមបណ្ឌិត​បានចាត់ទុកថា ជាការចូលរួមថ្មីមួយទៀតដល់កិច្ចសម្រួលពាណិជ្ជកម្ម និង ផ្តល់អត្ថប្រយោជន៍ដល់ធុរជន ប្រតិបត្តិករពាក់ព័ន្ធ និងសាធារណជន។ បន្ថែមលើនេះ នីតិវិធីបំពេញបែបបទគយចំពោះបញ្ញើរហ័សក្នុងទម្រង់អេឡិចត្រូនិក ក៏គ្រោងដាក់ឱ្យដំណើរការនាខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនអង្គប្រជុំថា ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ បានបញ្ចប់ការអភិវឌ្ឍ និងពង្រីកវិសាលភាពដាក់ឱ្យអនុវត្តសាកល្បងលើក្រសួង-ស្ថាប័នចំនួន ៦ បន្ថែមទៀត ក្នុងអំឡុងចុងខែធ្នូ ឆ្នាំ២០២៣នេះ។

បន្ទាប់មក តំណាងដៃគូអភិវឌ្ឍន៍និងអ្នកជំនាញការបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្តនាពេលខាងមុខ តាមគម្រោងនីមួយៗ។ តាមរយៈបទបង្ហាញ និងការពិភាក្សាអំពីគម្រោងទាំងអស់ខាងលើ អង្គប្រជុំបានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម និងការងារសេសសល់មួយចំនួន ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយនិងអនុវត្តឱ្យបានទាន់ពេលវេលាកំណត់។

ក្រោយពីស្តាប់បទបង្ហាញរបស់តំណាងដៃគូអភិវឌ្ឍន៍និងអ្នកជំនាញការ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់​ចំពោះ​លទ្ធផលការងារ និងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ ជាពិសេស GIZ / ARISE Plus និង Swisscontact Cambodia ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់ និងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងទាំងនេះអាចលេចចេញជារូបរាងបាន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ ដូចខាងក្រោម៖

  • រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តគម្រោងខាងលើដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលគ្រោងនឹង​រៀបចំនាពេលឆាប់ៗខាងមុខនេះ
  • ស្នើឱ្យ GIZ / ARISE Plus ចូលរួមក្នុងការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយ (Time Release Study – TRS) លើកទី៤ ឆ្នាំ២០២៣ ដែលការសិក្សាលើកទី៤នេះ មានវិសាលភាពគ្របដណ្តប់ទាំងលើការសិក្សារយៈពេលនៃការបំពេញបែបបទគយនៅមាត់​​ច្រកបំពេញបែបបទសំខាន់ៗ និង រយៈពេលនៃការស្នើសុំនិងទទួលបាន អាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតរបស់​ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន
  • បន្តអនុវត្តការងារតាមផែនការ និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានចប់តាមការគ្រោងទុក។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី​ថ្នាក់ធិបឌិន្ទ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកស្រី Marianne Dumont អ្នកសម្របសម្រួលកម្មវិធីប្រព័ន្ធអាស៊ីគូដាសម្រាប់អាស៊ី នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (ASYCUDA Programme Coordinator for Asia​ – UNCTAD) ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក។ គួរបញ្ជាក់ផងដែរថា លោកស្រី​ Marianne Dumont ជាស្ថាបនិកមួយរូបដែលបាន​ចូលរួម​​ក្នុងការរៀបចំ​ និងដាក់​ឱ្យអនុវត្ត​ប្រព័ន្ធ ASYCUDA នៅកម្ពុជាតាំងពីឆ្នាំ​២០០៦ រហូតដល់សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ​កាលពី​ឆ្នាំ២០០៨។ បន្ទាប់ពីក្លាយជាអ្នកសម្របសម្រួលតំបន់របស់ UNCTAD/ASYCUDA សម្រាប់អាស៊ី ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី​ចាប់ពីឆ្នាំ២០១៨ លោកស្រី Marianne Dumont បាន​បំពេញបេសកកម្ម​ក្នុងការវាយតម្លៃ​ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដោយ​​បាន​លើកឡើងនូវ​អនុសាសន៍​ជាធាតុចូល​ក្នុង​ការ​ធ្វើទំនើបកម្ម​ស្ថាប័ន និងលើកកម្ពស់​កិច្ចសម្រួល​ពាណិជ្ជកម្ម​​ថែម​មួយកម្រិតទៀត។

ព័ត៌មានថ្មីៗ