គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

ទស្សនកិច្ចសិក្សាគណៈប្រតិភូ Timor-Leste មកកាន់លេខាធិការដ្ឋាន គ.ជ.ស.ព.

នារសៀលថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសហការសម្របសម្រួលដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងក្រសួងពាណិជ្ជកម្មកម្ពុជា, គណៈប្រតិភូនៃប្រទេសទីម័រខាងកើត (Timor-Leste) ដឹកនាំដោយលោក Francisco Borolaku ប្រធានទីប្រឹក្សាក្រសួងពាណិជ្ជកម្មនៃប្រទេសទីម័រខាងកើត  បានធ្វើទស្សនកិច្ចសិក្សាមកកាន់លេខាធិការដ្ឋានគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) ដែលមានទីតាំងនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ដើម្បីជួបប្រជុំនិងស្វែងយល់ការងាររបស់ គ.ជ.ស.ព. និងភាពជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA)។

ក្នុងឱកាសនៃជំនួបប្រជុំ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.ស.ព. បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សា និងបានជម្រាបជូនអំពីបទពិសោធការងារ និងភាពជោគជ័យរបស់លេខាធិការដ្ឋាន គ.ជ.ស.ព. តាមរយៈឆន្ទៈគាំទ្រយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំប្រកបដោយទស្សនវិស័យច្បាស់លាស់របស់ គ.ជ.ស.ព. ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន គ.ជ.ស.ព. និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ស.ព. ដែលបានដឹកនាំសម្របសម្រួលជំរុញការចូលរួមពីសមាជិក គ.ជ.ស.ព. ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា, និងដៃគូអភិវឌ្ឍន៍នានាដែលបានសហការចូលរួមគាំទ្រការងាររបស់ គ.ជ.ស.ព. រួមមាន៖ EU Germany GATE, JICA, WCO, World Bank, IMF, ADB, UNCTAD និង Swisscontact។ ទន្ទឹមនេះ ភាពសំខាន់ចាំបាច់ដែលមិនអាចខ្វះបាន គឺការរៀបចំបង្កើតក្រុមការងារបច្ចេកទេសទាំងពីរនៃ គ.ជ.ស.ព. ទី១គឺក្រុមការងារបច្ចេកទេសអន្តរ-ក្រសួងស្ថាប័ន ដឹកនាំដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងទី២គឺក្រុមការងារបច្ចេកទេសគយ, និងការរៀបចំចក្ខុវិស័យច្បាស់លាស់ តាមរយៈផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ និងផែនការសកម្មភាពដំណាក់កាលទី១ឆ្នាំ២០២២-២០២៣ និងដំណាក់កាលទី២ឆ្នាំ២០២៤-២០២៥ ដែលជាកត្តាសម្រេចនូវភាពជោគជ័យនេះ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូនៃប្រទេសទីម័រខាងកើត បានលើកជាសំណួរមួយចំនួន អំពីសាវតារនិងបទពិសោធនៃការផ្តល់សច្ចាប័នរបស់កម្ពុជា ក្នុងការចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងនានា ក្នុងអាស៊ាន និង WTO។ ឆ្លើយតបចំពោះសំណួររបស់គណៈប្រតិភូ លោកអគ្គនាយករង បានជម្រាបជូនអំពីសាវតារ នៃការជូនដំណឹងការអនុវត្តន៍បញ្ញត្តិនានា នៃ WTO-TFA, ការជំរុញការអនុវត្ត WTO-TFA តាមរយៈការចូលរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ, ការប្រើប្រាស់ប្រព័ន្ធទិន្នន័យគយ ASYCUDA សម្រាប់ការអនុវត្តន៍នីតិវិធីបំពេញបែបបទគយ។ល។

បន្ទាប់មក លោកបណ្ឌិត ជា សំណាង អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ និងជាសមាជិកនៃ គ.ជ.ស.ព. បានធ្វើបទបង្ហាញជូនគណៈប្រតិភូនៃប្រទេសទីម័រខាងកើត អំពីបទពិសោធការរៀបចំការប្រព្រឹត្តិទៅនៃ គ.ជ.ស.ព., ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ និងផែនការសកម្មភាពទាំងពីរដំណាក់កាល, ព្រមទាំងបញ្ហាប្រឈមនិងភាពជោគជ័យនានានៃ គ.ជ.ស.ព.។

គណៈប្រតិភូនៃប្រទេសទីម័រខាងកើត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការជំរុញអនុលោមភាពនៃការអនុវត្តន៍កិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា លើបញ្ញត្តិប្រភេទ B និងបញ្ញត្តិប្រភេទ C ដោយបានជូនដំណឹងអំពីការអនុវត្តន៍ពេញលេញរបស់កម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺមុនកាលបរិច្ឆេទដែលបានកំណត់ក្នុងឆ្នាំ២០២៧។ ជាទីបញ្ចប់ គណៈប្រតិភូនៃប្រទេសទីម័រខាងកើត  បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងបាន​​ថ្លែង​អំណរគុណ​ចំពោះលេខាធិការដ្ឋាន គ.ជ.ស.ព. ដែលបានចំណាយពេលវេលាដ៏​មានតម្លៃមកទទួលជួបប្រជុំជាមួយគណៈប្រតិភូ និងបានសន្យាថានឹង​នាំយក​បទពិសោធការងាររបស់ គ.ជ.ស.ព. ជាគំរូក្នុងការអនុវត្តន៍សម្រាប់ប្រទេសទីម័រខាងកើត ក្នុងពេលអនាគត។

ព័ត៌មានថ្មីៗ