គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ”
ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤

នាព្រឹក ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅ​​សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានប្រារព្វពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញ​​ចូល​រួម​ពីឯកឧត្តម-លោកជំទាវ ជាសមាជិក-សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ, តំណាងដៃគូអភិវឌ្ឍន៍និងវិស័យ​ឯកជនពាក់ព័ន្ធ។​

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ
កិច្ចប្រជុំលើកទី ៣ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំលើកទី៣ នៅសាលាជាតិគយ ដែលបានប្រព្រឹត្ត ទៅក្រោមអធិបតីភាពបើកកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) និងដឹកនាំកិច្ចប្រជុំបន្តដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ស.ព.។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព., ក្រុមការងារបច្ចេកទេសនៃ គ.ជ.ស.ព., លេខាធិការដ្ឋាន គ.ជ.ស.ព., សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអភិវឌ្ឍន៍រួមមាន៖ EU Delegation, GIZ, ARISE Plus Cambodia,​ JICA, World Bank, ADB, និង Swisscontact។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១) ពិនិត្យវឌ្ឍនភាព និងលទ្ធផលការអនុវត្តផែនការសកម្មភាព២០២២-២០២៣ នៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥, (២)ពិនិត្យនិងអនុម័តផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៥ ជាសកម្មភាពបន្តពីការអនុវត្តផែនការសកម្មភាពដំណាក់កាលទី១ ឆ្នាំ២០២២-២០២៣ និង (៣)ដាក់ទិសដៅអនុវត្តបន្ត ដើម្បីជំរុញអនុលោមភាពនៃការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) របស់កម្ពុជា ដែលបានកំណត់ជាបញ្ញត្តិប្រភេទ B និងបញ្ញត្តិប្រភេទ C ឱ្យបានទាន់ ឬមុនកាលបរិច្ឆេទកំណត់ ក្នុងឆ្នាំ២០២៥។

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ
ពិធីអបអរសាទរទិវាគយអន្តរជាតិ ឆ្នាំ២០២៤
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤

នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ តំណាងក្រសួង/ស្ថាប័ន តំណាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។ ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មីដោយមានគោលដៅរួមច្បាស់លាស់” (Customs Engaging Traditional and New Partners with Purpose)។

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ
កិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា ដែលមានសមាសភាពចូលរួមពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), តំណាង Swisscontact Cambodia, តំណាងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD), តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ
កិច្ចប្រជុំលើកទី ១​ របស់​គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំលើកទី១ តាមរយៈប្រព័ន្ធអនឡាញ ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ជ.ស.ព (NCTF) ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុប្រធាន គ.ជ.ស.ព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន គ.ជ.ស.ព ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព និងតំណាងដៃគូអភិវឌ្ឍន៍។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម WTO-TFA ជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង អនុម័តដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ និងទិសដៅអនុវត្តបន្ត។

ព្រឹត្តិការណ៍ និង​កិច្ច​ប្រជុំ
កិច្ចប្រជុំលើកទី ២ ​របស់​គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

នារសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.-NCTF) បានរៀបចំកិច្ចប្រជុំលើកទី២ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ជ.ស.ព ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុប្រធាន គ.ជ.ស.ព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន គ.ជ.ស.ព ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព និងតំណាងដៃគូអភិវឌ្ឍន៍។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១)ពិនិត្យវឌ្ឍនភាពការងារដែលបានដាក់ទិសដៅនាកិច្ចប្រជុំលើកទី១ ចំនួន ០៩ ចំណុច ដើម្បីជំរុញអនុលោមភាពនៃការអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា (២)ត្រៀមរៀបចំការជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (Definitive Date)នៃការអនុវត្តបញ្ញត្តិប្រភេទ C នៃកិច្ចព្រមព្រៀង WTO-TFA និង (៣)ដាក់ទិសដៅអនុវត្តបន្ត។