គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ”

នាព្រឹក ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅ​​សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានប្រារព្វពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញ​​ចូល​រួម​ពីឯកឧត្តម-លោកជំទាវ ជាសមាជិក-សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ, តំណាងដៃគូអភិវឌ្ឍន៍និងវិស័យ​ឯកជនពាក់ព័ន្ធ។​

ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និង ឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ​​ ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងទំនិញដែលទទួលបានការលើកទឹកចិ​ត្ត​ព​ន្ធនិងអាករទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាតស​ម្រា​ប់​យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោ​បាយអេឡិចត្រូនិក។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួ​យ​ជា​តិក៏មានមុខងារសំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ​ទិន្នន័យវិញ្ញាបន​បត្របញ្ជា​ក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ាន ផងដែរ។​

ប្រព័ន្ធ​​បញ្ជរតែ​មួយ​ជាតិត្រូវបានដាក់ឱ្យអនុវត្តជំហានដំបូងក្នុងឆ្នាំ២០១៩ ដោយមានការចូលរួមពីអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួង​សុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រ​សួ​ង​ឧ​ស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,  និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ។ បន្ទាប់ម​ក​ក្នុ​ងឆ្នាំ២០២៣ ប្រព័ន្ធនេះត្រូវបានពង្រីកវិសាលភាពបន្ថែមដល់ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការបរ​​ទេ​​ស ​និង​សហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុ​ជា និ​ង​អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល។ បច្ចុប្បន ក្រសួង-ស្ថាប័ន សរុបចំនួន ១៦ កំពុងចូលអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។

ប្រព័ន្ធបញ្ជរតែ​មួយ​ជាតិបានផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័ន​ជំនាញពាក់ព័ន្ធ ឱ្យទទួលបា​ន​​នូ​វ​ព័ត៌មាន និងទិន្នន័យត្រឹមត្រូវនិងទាន់ពេល សម្រាប់ធ្វើ​ការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់​​ប្រើប្រាស់តាមតម្រូ​វ​កា​រ​ផ្សេងទៀត។ ដោយឡែក វិស័យឯកជនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំ​ណេញ​ពេ​ល​ ព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យ ក្នុងការរត់ការឆ្លងពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេង​ៗសម្រាប់ការនាំចេញ-នាំចូល​ទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជនក៏អាចប្រើនូវទិន្ន​ន័យ​ក្នុងប្រព័ន្ធសម្រាប់ជាប្រយោជន៍​ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនបានទាន់ពេល, មានសង្គតិភាព និងមា​​ន​​ភាពច្បា​ស់លា​ស់​ផង​ដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រ​សាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ច​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងស្មារតីបុរេសកម្ម និងការ​​ទ​ទួ​លខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ព្រមទាំងបាន​កោតសរសើរចំពោះប្រធាន, អនុប្រធាន និងសមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរ​តែមួយជាតិ ដែលបានខិតខំរួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិ​ រហូតសម្រេចបានជោគជ័យ។  ក្នុងឱកាសដ៏ថ្លៃ​ថ្លានេះ  សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីជំរុញការ​លើកកម្ពស់បរិ​យាកា​ស​ធុរ​កិច្ច និងដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដូចខាងក្រោម៖

ទី១.   ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ​ ហើយមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ​បញ្ជរតែមួយជាតិ ត្រូវជំ​រុ​ញ ការចូលរួមអនុវត្តប្រព័ន្ធនេះឱ្យបានឆាប់។ ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូ​វ ​បន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ទី២.   គណៈកម្មាធិការដឹកនាំគម្រោង​បញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងប​ន្ត​កែ​លម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀ​ត​ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន។

ទី៣.  វិស័យឯកជនត្រូវចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិ ​និងចូលរួមផ្តល់មតិយោ​បល់ សម្រាប់ការកែលម្អប្រព័ន្ធនេះ ឱ្យកាន់តែប្រសើរ។

ទី៤.   ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន, ក្រសួង-ស្ថាប័នត្រូវបន្តយកចិត្តទុក- ដា​ក់ខ្ពស់ លើការងារលើកកម្ពស់បរិយា​កា​ស​ធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជ រដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

ទី៥.   គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និ​ង​ ធុរកិច្ចឌីជីថល,​ ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀតដែលជាសេចក្តីត្រូវ​ការប្រចាំថ្ងៃសម្រាប់ការធ្វើធុរកិច្ច និងត្រូវសហការគ្នារៀបចំជាក្របខណ្ឌរួមមួយដែលខ្ញុំបានដាក់ឈ្មោះថា ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ​ដើម្បីជាមូលដ្ឋានឈាន​ទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើ​ន​​ភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ។

ជាកិច្ចបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុចប៊ូតុង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ”

ព័ត៌មានថ្មីៗ