នារសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.-NCTF) បានរៀបចំកិច្ចប្រជុំលើកទី២ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ជ.ស.ព ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុប្រធាន គ.ជ.ស.ព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន គ.ជ.ស.ព ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព និងតំណាងដៃគូអភិវឌ្ឍន៍។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១)ពិនិត្យវឌ្ឍនភាពការងារដែលបានដាក់ទិសដៅនាកិច្ចប្រជុំលើកទី១ ចំនួន ០៩ ចំណុច ដើម្បីជំរុញអនុលោមភាពនៃការអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា (២)ត្រៀមរៀបចំការជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (Definitive Date)នៃការអនុវត្តបញ្ញត្តិប្រភេទ C នៃកិច្ចព្រមព្រៀង WTO-TFA និង (៣)ដាក់ទិសដៅអនុវត្តបន្ត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែល គ.ជ.ស.ព និងលេខាធិការដ្ឋានបានបំពេញការងារយ៉ាងសកម្មក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំ និងអនុវត្តការងារផ្សេងៗទៀតក្នុងការតាមដានការអនុវត្តកិច្ចព្រមព្រៀង WTO-TFA ក្នុងរយៈពេលជិត៣ឆ្នាំបន្ទាប់ពី គ.ជ.ស.ព បានបង្កើតទ្បើង ជាពិសេសការធានាកិច្ចដំណើរការនិងការប្រព្រឹត្តទៅរបស់ គ.ជ.ស.ព និងលេខាធិការដ្ឋាន ការជូនដំណឹងទៅគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកទាន់ពេលវេលាដែលបានកំណត់ដោយកិច្ចព្រមព្រៀង និងការកៀរគរធនធានជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។
ជាសរុប អង្គប្រជុំបានសម្រេចដាក់នូវទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម៖
១. លេខាធិការដ្ឋាន រួសរាន់រៀបចំជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (definitive date) ឱ្យបានទាន់ពេលវេលា ជូនគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្ម នៃ WTO។
២. ស្នើសមាជិក គ.ជ.ស.ព និងលេខាធិការដ្ឋាន បន្តសម្របសម្រួល និងតាមដានការអនុវត្តកិច្ចព្រមព្រៀង WTO-TFA។
៣. ស្នើក្រុមការងារបច្ចេកទេសទាំងពីរ ដែលបានបង្កើតរួចហើយ អនុវត្តការងារឱ្យបានពេញលេញតាមភារកិច្ចរៀងៗខ្លួន។
៤. លេខាធិការដ្ឋាន និង ARISE Plus Cambodia ជំរុញបញ្ចប់ និងដាក់ឱ្យដំណើរការគេហទំព័ររបស់គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម។
៥. ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធ ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឱ្យបានពេញលេញ និងផ្តល់ការគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនៅដំណាក់កាលទី៣។
៦. លេខាធិការដ្ឋាន ត្រូវរៀបចំរបាយការណ៍ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មលើកទី២នេះ។
ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកិច្ចប្រជុំលើកទី២នេះ និងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីនឹងនាំយកនូវលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះទៅរាយការណ៍ជូនថា្នក់ដឹកនាំរបស់ខ្លួន ក្នុងន័យបន្តកិច្ចសហការល្អក្នុងក្របខណ្ឌគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម។ ការបន្តចូលរួមផ្តល់យោបល់ និងចូលរួមអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិស័យឯកជន គឺជាមូលដ្ឋានសំខាន់ដើម្បីឈានទៅដល់ការអនុវត្តតាមបញ្ញតិ្តនានានៃកិច្ចព្រមព្រៀង WTO-TFA បានពេញលេញនាពេលខាងមុខឆាប់ៗ ដែលជាការរួមចំណែកជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។