ក្នុងឋានៈជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានក្លាយជាប្រទេសទី៦៩ និងជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងបានចូលជាធរមាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីប្រទេសជាសមាជិកចំនួន ២/៣ បានផ្តល់សច្ចាប័ន។ ផ្នែកទី៣ មាត្រា២៣ នៃកិច្ចព្រមព្រៀង WTO-TFA បានតម្រូវឱ្យប្រទេសជាសមាជិកនីមួយៗបង្កើតថ្មី ឬរក្សាទុក គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មដែលមានស្រាប់ ដើម្បីជួយសម្របសម្រួល និងតាមដានការអនុវត្តបញ្ញត្តិនានានៃកិច្ចព្រមព្រៀងនេះ។
ការអនុវត្តបញ្ញត្តិនៃកិច្ចព្រមព្រៀង WTO-TFA គឺជាការរួមចំណែកជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីៗ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយម ជាពិសេស យុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីបន្តជំរុញបន្ថែមនូវកំណើនសេដ្ឋកិច្ចឱ្យ កាន់តែមានភាពរឹងមាំ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ហៅកាត់ថា គ.ជ.ស.ព. ដែលមានលេខាធិការដ្ឋាននៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីសម្របសម្រួលនិងតាមដានការអនុវត្តបញ្ញត្តិនានានៃកិច្ចព្រមព្រៀង WTO-TEA។ ក្នុងតួនាទីនេះ គ.ជ.ស.ព. និងលេខាធិការដ្ឋានត្រូវធានានូវប្រសិទ្ធភាពកិច្ចដំណើរការ និងការប្រព្រឹត្តទៅរបស់ខ្លួន ដើម្បីឱ្យមានអនុលោមភាពពេញលេញ លើការអនុវត្តកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ សម្រាប់ជំរុញការអនុវត្តគោលនយោបាយ និងវិធានការកិច្ចសម្រួលពាណិជ្ជកម្មផ្សេងៗរបស់រាជរដ្ឋាភិបាល។ ដើម្បីជាជំនួយស្មារតីក្នុងការអនុវត្តតួនាទីភារកិច្ចថ្មីនេះ គ.ជ.ស.ព ត្រូវរៀបចំចងក្រងឯកសារពាក់ព័ន្ធកិច្ចព្រមព្រៀង WTO-TFA ជាសៀវភៅ “ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥” ដើម្បីផ្តល់ជូននូវសមាជិក គ.ជ.ស.ព. និងផ្សព្វផ្សាយដល់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាសាធារណជនឱ្យបានទូលំទូលាយ។
ខ្ញុំសង្ឃឹមថា សៀវភៅ “ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥” នេះ នឹងអាចជាឯកសារដ៏មានសារៈប្រយោជន៍សម្រាប់សមាជិក គ.ជ.ស.ព. និងវិស័យឯកជនពាក់ព័ន្ធ ក្នុងការស្វែងយល់អំពីការចូលរួមអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការនិងការចូលរួមរបស់សមាជិក គ.ជ.ស.ព. និងដៃគូអភិវឌ្ឍន៍នានា ដែលបានរួមចំណែកផ្តល់ធាតុចូលលើឯកសារ ព្រមទាំងចូលរួមជំរុញការអនុវត្តកិច្ចព្រមព្រៀង WTO-TEA ជាពិសេសពីដៃគូអភិវឌ្ឍន៍ តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងជំនួយថវិកាគាំទ្រ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់លេខាធិការដ្ឋាន គ.ជ.ស.ព. ដែលបានខិតខំរៀបចំប្រមូលចងក្រងឯកសារដ៏មានសារៈសំខាន់នេះ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធាន ល.គ.ស.ព.
គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ និងបានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) អនុម័តដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ ព្រមទាំងដាក់ទិសដៅការងារបន្ត។ ក្នុងទិសដៅការងារបន្ត លេខាធិការដ្ឋាន គ.ជ.ស.ព. ត្រូវចងក្រង និងបោះពុម្ពផ្សព្វផ្សាយកម្រងបទដ្ឋានគតិយុត្តិនានា ព្រមទាំងឯកសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីចែកជូនសមាជិក គ.ជ.ស.ព. ក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។ ឆ្លើយតបចំពោះភារកិច្ចនេះ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.ស.ព. បានប្រមូលចងក្រងរៀបចំជាសៀវភៅ “ ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥” ដោយបានបញ្ចូលនូវឯកសារសំខាន់ៗរួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២-២០២៥ ការជូនដំណឹងពីការអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា អត្ថបទកិច្ចព្រមព្រៀង WTO-TFA, ច្បាប់ អនុក្រឹត្យ និងសេចក្តីសម្រេចផ្សេងៗពាក់ព័ន្ធ សម្រាប់ជាជំនួយស្មារតីក្នុងការតាមដាន និងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង WTO-TFA។ កន្លងមក កម្ពុជាបានជូនដំណឹងពីអនុលោមភាពតាមបញ្ញត្តិនៃកិច្ចព្រមព្រៀង គឺបញ្ញត្តិប្រភេទ A មាន ចំនួន ៨២.៨%, បញ្ញត្តិប្រភេទ B មានចំនួន ១.៧% ជាបញ្ញត្តិដែលអាចអនុវត្តបានដោយខ្លួនឯង ដោយពុំមានតម្រូវការជំនួយពីខាងក្រៅ គ្រាន់តែមានត្រូវការពេលវេលាបន្ថែម, និងបញ្ញត្តិប្រភេទ C មានចំនួន ១៥.៥% ជា បញ្ញត្តិដែលជាកម្មវត្ថុ នៃការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាពពីសមាជិកជាប្រទេសផ្តល់ជំនួយដោយផ្ទាល់ ឬតាមរយៈដៃគូអភិឌ្ឍន៍ជាស្ថាប័នអន្តរជាតិ ទើបកម្ពុជាអាចអនុវត្តបានតាមការតម្រូវនៃកិច្ចព្រមព្រៀង។ ទន្ទឹមនេះ ខ្ញុំសូមកត់សម្គាល់ថា ការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ គឺជាការរួមចំណែកបង្កើននូវប្រសិទ្ធភាពការងារ និងធានានូវកិច្ចសហប្រតិបត្តិការល្អគឺជាការរួមចំណែកបង្កើននូវប្រសិទ្ធភាពការងារនិងធានានូវកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់អនុលោមភាពកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀង WTO-TFA ហើយការអនុវត្តកិច្ចព្រមព្រៀងនេះ ក៏ជាការរួមចំណែកសំខាន់មួយ ដើម្បីឆ្លើយតបកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានានា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកន្លងមក សំដៅលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច និងជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ស.ព. និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស ARISE Plus Cambodia ដែលបានផ្តល់ជំនួយហិរញវត្ថុក្នុងការបោះពុម្ពលើកទី១នៃសៀវភៅ “ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥” នេះ។ លេខាធិការដ្ឋាន គ.ជ.ស.ព. ក៏សូមថ្លែងអំណរគុណចំពោះកិច្ចសហការរបស់បណ្តាក្រសួង-ស្ថាប័នមានសមត្ថកិច្ច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលបានរួមចំណែកចូលរួមជំរុញអនុលោមភាពរបស់កម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀង WTO-TFA។
អានបន្តសូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។
©គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ២០២៣ រក្សាសិទដោយ | គោលការណ៍ឯកជនភាព