ក្នុងបរិបទនៃការកើនឡើងឥតឈប់ឈរនៃទំហំពាណិជ្ជកម្មអន្តរជាតិ និងការរីកចម្រើនដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា និងការមកដល់ថ្មីនៃបដិវត្តន៍ឧស្សាហកម្មទី៤ ប្រទេសកម្ពុជាបាននិងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងសាកលភាវូបនីយកម្មជាបន្តបន្ទាប់។ ឆ្លើយតបនឹងតម្រូវការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដែលជាការបង្ហាញអំពីការអនុវត្តគោលនយោបាយសមាហរណកម្ម និងសាកលភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងពិភពលោក។ ហើយកម្ពុជាក៏បានផ្តល់សច្ចាប័នលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ និងបានតម្កល់លិខិតុបករណ៍នៃការផ្តល់សច្ចាប័ននេះនៅ អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីរួមចំណែកលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ និងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម។ កម្ពុជាជាសមាជិកទី៦៩ និងជាប្រទេសទី៨ ក្នុងចំណោមប្រទេស អភិវឌ្ឍន៍តិចតួចរបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលបានធ្វើសច្ចាប័នលើកិច្ចព្រមព្រៀង WTO-TFA។
អនុលោមតាមមាត្រា ២៣.២ នៃកិច្ចព្រមព្រៀង WTO-TFA តម្រូវឱ្យសមាជិកនីមួយៗនៃអង្គការពាណិជ្ជកម្មពិភពលោក បង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួល ពាណិជ្ជកម្ម (គ.ជ.ស.ព.) ឬបង្កើតយន្តការជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រួលដល់ការអនុវត្តបញ្ញត្តិកិច្ចព្រមព្រៀង WTO-TFA ឱ្យបានរលូននិងប្រកបដោយប្រសិទ្ធភាព។ ស្របតាមកាតព្វកិច្ចនេះ កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ជាលេខាធិការដ្ឋាន។ ដើម្បីឱ្យកិច្ចដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ប្រព្រឹត្តទៅបានល្អ និងមានប្រសិទ្ធភាពខ្ពស់ តម្រូវឱ្យមានជាចាំបាច់នូវផែនទីចង្អុលផ្លូវមួយច្បាស់លាស់ សម្រាប់ជំរុញកិច្ចសហការជិតស្និទ្ធរវាងបណ្តាក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធលើការនាំចេញ-នាំចូល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
អាស្រ័យហេតុនេះ ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើងជាប្រទីបបង្ហាញផ្លូវដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសសមាជិកនៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងលេខាធិការដ្ឋាន ក្នុងគោលដៅធានាឱ្យ ការអនុវត្ត រួមមាន៖
១.២ ស្ថានភាពបច្ចុប្បន្ននៃការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម
ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាសមាជិក WTO-TFA ដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ទទួលបានផលប្រយោជន៍ជាអតិបរមាលើតម្រូវការជំនួយបច្ចេកទេស និងតម្រូវការវិស័យកសាងសមត្ថភាពពីដៃគូអភិវឌ្ឍន៍ កម្ពុជាត្រូវបំពេញភារកិច្ចធ្វើសេចក្តីជូនដំណឹងទៅអង្គការពាណិជ្ជកម្មពិភពលោកស្តីពីចំណាត់ថ្នាក់វិធានការ (Category) នីមួយៗ ដោយអនុលោមតាមកិច្ចព្រមព្រៀង WTO-TFA។ រហូតមកដល់បច្ចុប្បន្នកម្ពុជាបានជូនដំណឹងជាផ្លូវការទៅគណៈកម្មាធិការអង្គការពាណិជ្ជកម្មពិភពលោកចំនួន០៧លើក។
តាមរយៈការជូនដំណឹងលើកចុងក្រោយ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរចំណាត់ថ្នាក់វិធានពី ប្រភេទ C ទៅ B ចំពោះមាត្រា ៧. ៩ ទំនិញឆាប់ខូចគុណភាព កំរិតអនុលោមភាពរបស់កម្ពុជាបានប្រែប្រួលដូចខាងក្រោម៖
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។