នាព្រឹក ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានប្រារព្វពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ ជាសមាជិក-សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ, តំណាងដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ។
ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និង ឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធនិងអាករទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិក៏មានមុខងារសំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ាន ផងដែរ។
ប្រព័ន្ធបញ្ជរតែមួយជាតិត្រូវបានដាក់ឱ្យអនុវត្តជំហានដំបូងក្នុងឆ្នាំ២០១៩ ដោយមានការចូលរួមពីអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បន្ទាប់មកក្នុងឆ្នាំ២០២៣ ប្រព័ន្ធនេះត្រូវបានពង្រីកវិសាលភាពបន្ថែមដល់ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល។ បច្ចុប្បន ក្រសួង-ស្ថាប័ន សរុបចំនួន ១៦ កំពុងចូលអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។
ប្រព័ន្ធបញ្ជរតែមួយជាតិបានផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ឱ្យទទួលបាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវនិងទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។ ដោយឡែក វិស័យឯកជនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យ ក្នុងការរត់ការឆ្លងពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗសម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជនក៏អាចប្រើនូវទិន្នន័យក្នុងប្រព័ន្ធសម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះប្រធាន, អនុប្រធាន និងសមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិ ដែលបានខិតខំរួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិ រហូតសម្រេចបានជោគជ័យ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីជំរុញការលើកកម្ពស់បរិយាកាសធុរកិច្ច និងដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដូចខាងក្រោម៖
ទី១. ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយមិនទាន់ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញ ការចូលរួមអនុវត្តប្រព័ន្ធនេះឱ្យបានឆាប់។ ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវ បន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ទី២. គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន។
ទី៣. វិស័យឯកជនត្រូវចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អប្រព័ន្ធនេះ ឱ្យកាន់តែប្រសើរ។
ទី៤. ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន, ក្រសួង-ស្ថាប័នត្រូវបន្តយកចិត្តទុក- ដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជ– រដ្ឋាភិបាល–ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ទី៥. គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀតដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ការធ្វើធុរកិច្ច និងត្រូវសហការគ្នារៀបចំជាក្របខណ្ឌរួមមួយដែលខ្ញុំបានដាក់ឈ្មោះថា “ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច” ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ។
ជាកិច្ចបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុចប៊ូតុង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ”៕
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។