គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

កិច្ចប្រជុំលើកទី ៣ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំលើកទី៣ នៅសាលាជាតិគយ ដែលបានប្រព្រឹត្ត ទៅក្រោមអធិបតីភាពបើកកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) និងដឹកនាំកិច្ចប្រជុំបន្តដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ស.ព.។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព., ក្រុមការងារបច្ចេកទេសនៃ គ.ជ.ស.ព., លេខាធិការដ្ឋាន គ.ជ.ស.ព., សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអភិវឌ្ឍន៍រួមមាន៖ EU Delegation, GIZ, ARISE Plus Cambodia,​ JICA, World Bank, ADB, និង Swisscontact។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១) ពិនិត្យវឌ្ឍនភាព និងលទ្ធផលការអនុវត្តផែនការសកម្មភាព២០២២-២០២៣ នៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥, (២)ពិនិត្យនិងអនុម័តផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៥ ជាសកម្មភាពបន្តពីការអនុវត្តផែនការសកម្មភាពដំណាក់កាលទី១ ឆ្នាំ២០២២-២០២៣ និង (៣)ដាក់ទិសដៅអនុវត្តបន្ត ដើម្បីជំរុញអនុលោមភាពនៃការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) របស់កម្ពុជា ដែលបានកំណត់ជាបញ្ញត្តិប្រភេទ B និងបញ្ញត្តិប្រភេទ C ឱ្យបានទាន់ ឬមុនកាលបរិច្ឆេទកំណត់ ក្នុងឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានកត់សម្គាល់ចំពោះសកម្មភាពដែលបានដាក់នៅដំណាក់កាលទី១ ដែលសម្រេចបានលទ្ធផលល្អប្រសើរ ប្រមាណ៩៦ %។ លទ្ធផលល្អប្រសើរនេះអាចកើតឡើងបាន អាស្រ័យដោយមានការខិតខំប្រឹងប្រែងរបស់​ក្រុមការងារបច្ចេកទេសទាំងពីររបស់ គ.ជ.ស.ព.​, ក្រុមការងារលេខាធិការដ្ឋាន, ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ ជារួម មកដល់បច្ចុប្បន្ននេះ កម្ពុជានៅសល់បញ្ញត្តិប្រភេទ C ចំនួន ៤ គឺ (១)-មាត្រា ៧.១ នីតិវិធីមុនពេលទំនិញមកដល់ (២)-មាត្រា ៨.២ កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារព្រំដែន (external) (៣)-មាត្រា ១០.៤ បញ្ជរតែមួយ (៤)-មាត្រា ១១.៥ សេរីភាពនៃការឆ្លងកាត់ (លទ្ធភាព​នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកទំនិញឆ្លងកាត់) និងបញ្ញត្តិប្រភេទ B ចំនួន២គឺមាត្រា ១១.១ -​ ១១.៣ សេរីភាពនៃការឆ្លងកាត់ (និមុត្តិធានានៃការដឹកទំនិញឆ្លងកាត់) និងមាត្រា ៧.៩ ទំនិញងាយខូចគុណភាព។ ដូច្នេះការកសាងផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៥ គឺផ្តោតសំខាន់លើការអនុវត្តឱ្យបានពេញលេញនូវបញ្ញតិ្តប្រភេទ B និង C ដែលនៅសេសសល់។

នាឱកាសនោះដែរ តំណាងដៃគូអភិវឌ្ឍន៍ រួមមាន៖ EU Delegation, GIZ, ARISE Plus Cambodia, JICA, World Bank, ADB, និង Swisscontact បានអបអរសាទរចំពោះសមិទ្ធផលនៃការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល២ ឆ្នាំកន្លងមក និងបានសំដែងការបន្តគាំទ្រការងារកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជានៅដំណាក់កាលខាងមុខទៀត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ អមដោយថ្នាក់ដឹកនាំនៃ គ.ជ.ស.ព. បានចុចបូតុង ដើម្បីសម្ពោធប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័ររបស់ គ.ជ.ស.ព. ចាប់ពី ពេលនេះតទៅ។

ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ស.ព. បានសំដែងនូវសេចក្តីសោមនស្សរីករាយ និង​​ថ្លែង​អំណរគុណ​ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាដ៏​មានតម្លៃមកចូលរួមកិច្ចប្រជុំលើកទី៣នេះ និង​សង្ឃឹម​យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញា ​នឹង​នាំយក​នូវលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះ ទៅ​រាយការណ៍​ជូន​ថា្នក់​ដឹកនាំ​របស់​ខ្លួន ក្នុង​ន័យបន្ត​កិច្ចសហការល្អ​ក្នុង​ក្របខណ្ឌគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលជាផ្នែកមួយនៃការបង្កើនបរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​នៅកម្ពុជា ឱ្យ​កាន់តែ​មានភាព​ទាក់ទាញ និងល្អប្រសើរឡើងថែមទៀត ស្របតាមគោលនយោ​បាយ​​​របស់​​រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានថ្មីៗ